Nov 8, 2018

ក្រុមហ៊ុន Samsung បាន​ប្រកាស​បង្ហាញ​អេក្រង់​បត់​បាន Infinity Flex, ផ្ទៃ​ចុច​បញ្ជាថ្មី One UI​ និង​និយាយ​ពី​អនាគត​របស់ Bixby


ដូច​អ្វី​ដែល​បាន​គ្រោង​ទុក ឥឡូវ​នេះ Samsung បាន​បញ្ចប់​សន្និសីទ​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ហើយ  (SDC 2018) ដោយ​ខាង​ក្រុមហ៊ុន​មាន​លើក​យក​ប្រធានបទ​ធំ​ចំនួន ៣ ស្ដី​អំពី​អេក្រង់​ជំនាន់​ថ្មី​ដែល​ហៅថា Infinity Flex សម្រាប់​បំពាក់​ជាមួយ​ទូរស័ព្ទ​បត់​អេក្រង់ , រូបរាង​ UI ថ្មី​ដែល​មាន​ឈ្មោះ​ថា  One UI​ បាន​រចនា​ឲ្យ​មាន​ភាព​ទាក់ទាញ​ជាង​មុន​ជាមួយ​គែម​រាង​មូល ពណ៌​រាង​ស្រាល​ជាង​របស់​ដើម​បន្តិច និង​ចុង​ក្រោយ​គឺ​មុខងារ​ជំនួយការ​សំឡេង​វៃឆ្លាត Bixby ដែល​នៅ​ថ្ងៃ​ឃាង​មុន​នឹង​មាន​អ្វី​កើត​ឡើង​ខ្លះ​បន្ថែម​ទៀត ។

៙ អេក្រង់  Infinity Flex ៖

Samsung និង​បាន​ប្រកាស​ថា​ទូរស័ព្ទ​ឈ្មោះ​អ្វី និង​មាន​រាង​អ្វី​ដែល​ត្រូវ​បំពាក់​អេក្រង់​បត់​បាន​ឡើយ តែ​ក្នុង ​សន្និសីទ​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​នេះ គឺ​គ្រាប់​តែ​លើក​យក​គំរូ​ទូរស័ព្ទ​មួយ​ដែល​មាន​អេក្រង់​​២​ មួយ​ជា​អេក្រង់​ដែល​អាច​បត់​បាន​ទំហំ​ប្រហែល​ ៧.៣ អ៊ីញ និង​​អេក្រង់​នៅ​ផ្នែក​ម្ខាង​ទៀត​មាន​ទំហំ​ប្រហែល ៥ អ៊ីញ សម្រាប់​បង្ហាញ​ដូច​ទៅ​នឹង​អេក្រង់​ទូរស័ព្ទ​ទូទៅ​ដែរ ។ ចំពោះ​រូបរាង​ទូរស័ព្ទ​នៅ​គឺ​មាន​រូបរាង​ក្រាស​ប្រហែល ​laptop ស្ដើង​សម័យ​នេះ​ទៅ​ហើយ ហើយ​ក៏​មិន​ទាន់​មាន​មុខងារ​បញ្ជា​ឲ្យ​មាន​ច្បាស់លាស់​នៅ​ឡើយ​ដែរ ដូច្នេះ​ប្រហែល​ត្រូវ​រង់ចាំ​ដល់​ពាក់កណ្ដាល​ឆ្នាំ​ 2019 ទើប​យើង​ឃើញ​រូបរាង​វា​ពិត​ប្រាកដ ។

៙ ផ្ទៃ​ចុច​បញ្ជា​ថ្មី One UI​ ៖

សម្រាប់​ឧបករណ៍​ដែល​មាន​មុខងារ​បត់​អេក្រង់​បាន​ដូច្នេះ គឺ​ត្រូវ​តែ​មាន​របៀប​ប្រើប្រាស់​បែប​ថ្មី ដែល​ត្រូវ​តែ​បង្កើត​ឡើង​នូវ​ផ្ទៃ​ចុច​បញ្ជា​ UI ថ្មី​មួយ​ដែល​យល់​ដឹង​នៅ​ពេល​អេក្រង់​បត់​ឬ​ពេល​អេក្រង់​លា ។ វា​មិន​ពិបាក​បង្កើត​ពេក​ទេ តែ​ដើម្បី​ទាក់ទាញ​ចិត្ត​អ្នក​ប្រើ ដូច្នេះ ​Samsung ត្រូវ​បង្កើត​ឲ្យ​ថ្មី​ជាង​មុន​បន្តិច និង​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​វា ដើម្បី​ទទួល​អារម្មណ៍​ថា​ទូរស័ព្ទ​នេះ​គឺ​ថ្មី​ទាំងអស់ ។

ក្រុមហ៊ុន Samsung បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Google និង​អ្នក​អភិវឌ្ឍន៍ Android ដើម្បី​រចនា UI ដែល​មាន​លក្ខណៈ​ minimalist តូច​​ស្រាល​បំផុត ហើយ​រក្សា​មាតិកា​ពាក់ព័ន្ធ​នៅ​ពាក់​កណ្ដាល​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់ ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​ងាយស្រួល​មួយ​គ្រប់ពេល​របស់​អ្នក​ប្រើប្រាស់ ។

៙ អនាគត​របស់ Bixby ជំនួយ​ការ​សំឡេង ៖ 

ពួក​គេ​ហៅ​កម្មវិធី​ថ្មី​របស់​ខ្លួន​​ថា Bixby Developer Studio ដែល​ជួយ​ឲ្យ​អ្នក​បង្កើត​​កម្មវិធី​នានា​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទាញ​យក​​ភាព​វៃ​ឆ្លាត​របស់ Bixby ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​របស់​ពួក​គេ និង​អាច​បង្កើត​កម្មវិធី​វៃ​ឆ្លាត​ជា​ច្រើន​តាម​រយៈ Bixby Developer Studio ។ Bixby ក៏​នឹង​ទទួល​បាន​ការ​ធ្វើ​ឲ្យ​ទាន់​សម័យ​ពង្រីក​ការ​គាំទ្រ​របស់​ខ្លួន​សម្រាប់​ភាសា​បន្ថែម​ទៀត​ ក៏​ដូច​ជា​ភាសា​អង់់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អេស្ប៉ាញ ។

ថ្វីត្បិត​តែ​ Samsung ព្យាយាម​បង្ហាញ​ពី​ការ​សំងាត់​របស់​ខ្លួន​ទៅ​កាន់​អ្នក​អភិវឌ្ឍន៍​បាន​មុន​គេ​ក៏​ពិត​មែន តែ​សម្រាប់​រូបរាង​របស់​ទូរស័ព្ទ​បត់​អេក្រង់​បាន​នៅ​តែ​មិន​ច្បាស់លាស់​នៅ​ឡើយ ហើយ​មុខងារ​ចុច​បញ្ជា​ថ្មី​ក៏​មិន​ទាន់​ដឹង​ថា​វា​មាន​ភាព​ងាយស្រួល​កម្រិត​ណា​ដែរ ។​ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត ថា​តើ​ក្រុមហ៊ុន​ដែល​បង់​បង្កើត​ទូរស័ព្ទ​បត់​អេក្រង់​បាន​ មាន​ផ្ទៃ​ចុច​បញ្ជា​របៀប​ណា​ដែរ ៕
_______
ប្រភព





Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក