Nov 28, 2018

លេច​ចេញ​សំបក​ការពារ​ទូរស័ព្ទ​ Nokia 9 ពិត​ជា​មាន​កាមេរ៉ា​ ៥​ គ្រាប់​ពិត​មែន

ខណៈ​ភាព​ជោគជ័យ​របស់ Huawei P20 Pro ដែល​ជា​ទូរស័ព្ទ​មាន​កាមេរ៉ា​ក្រោយ​៣​គ្រាប់​ នោះ​ស្រាប់​តែ​ធ្វើ​ឲ្យ​ Samsung នៅ​មិន​សុខ​ក៏​សម្រេច​បញ្ចេញ​ទូរស័ព្ទ​របស់​ខ្លួន​​ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ ៤​គ្រាប់​ឯណោះ ហើយ​បើ​និយាយ​ពី​មុខងារ​របស់​ទូរស័ព្ទ Samsung Galaxy A9 (2018) ដែល​មាន​កាមេរ៉ា​ក្រោយ​៤​គ្រាប់ ពិត​ជា​ខ្លាំង​និង​មាន​មុខងារ​សម្បូរ​បែប​មែន ។

តែ​នៅ​មាន​រឿង​មួយ​ទៀត​ដែល​អ្នក​ទាំងអស់​គ្នា​ស្ទើរ​តែ​ភ្លេច​ទោ​ហើយ​គឺ គឺ​ស្ដេច​កាមេរ៉ា​ទូរស័ព្ទ pureview camera ដែល​ជា​បច្ចេកវិទ្យា​កាមេរ៉ា​ដែល​ Nokia កំពុង​កាន់កាប់ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ពិភព​ទូរស័ព្ទ​កក្រើក​ម្ដង​មក​ហើយ ដោយ​កាល​ណោះ Nokia បាន​ចេញ Nokia Lumia 1020 ជាមួយ​នឹង​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 41 មេហ្គាភីកសែល ដែល​មក​ដល់​ពេល​នេះ​គុណភាព​រូប​ដែល​ថត​ដោយ​ទូរស័ព្ទ​នេះ​គឺ​នៅ​តែ​ត្រូវ​បាន​គេ​យក​មក​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ​ចេញ​ថ្មីៗ​នា​ពេល​បច្ចុប្បន្ន​នេះ ។

សម្រាប់​បច្ចេកវិទ្យា pureview camera គឺ​មាន​ការ​អាក់ខាន​បន្តិច​នៅ​ពេល​មាន​ការ​ទិញ​លក់​ក្រុមហ៊ុន Nokia ទៅ​ឲ្យ​ក្រុមហ៊ុន HMD Global ដែល​ជា​ហេតុ​យើង​មិន​បាន​ឃើញ Nokia មាន​កាមេរ៉ា​ឲ្យ​លេច​ធ្លោ​នោះ​ទេ ។ ស្រាប់​តែ​ពេល​ឥឡូវ​នេះ​មាន​ពណ៌​ចចាមអារ៉ាម​អំពី​ទូរស័ព្ទ Nokia 9 ដែល​មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៥​គ្រាប់​ឯណោះ ដែល​​គេ​សង្ស័យ​ថា​វា​មិន​អាច​ក្លាយ​ជា​ការ​ពិត​បាន​ទេ ។
តែ​ពេល​នេះ​ព័ត៌មាន​លេច​ធ្លាយ​មក​ថា​នៅ​ក្នុង​គេហទំព័រ​លក់​ទំនិញ Amazon UK បាន​ដាក់​លក់​នូវ​ស្រោម​ទូរស័ព្ទ Nokia 9 ដែល​ធ្វើ​ឲ្យ​យើង​ដឹង​បាន និង​ប្រាកដ​ថា Nokia 9 ពិត​ជា​មាន​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ ៥​គ្រាប់​ពិត​មែន ។ ហើយ​អ្វី​ដែល​យើង​បាន​ដឹង​បន្ថែម​ពី​ស្រោម​ទន់​នេះ គឺ​ទូរស័ព្ទ​នេះ​មាន​មក​ជា​មួយ​នូវ​រន្ធ​ដោត​កាស 3.5mm មក​ផង​ដែរ ។ សម្រាប់​រន្ធ​សាក​ថ្ម​វិញ Nokia 9 ប្រើប្រាស់​រន្ធ USB Type-C ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក