Nov 27, 2018

Lenovo Z5s ទទួល​បាន​វិញ្ញាបនបត្រ​ជាមួយ​នឹង​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ និង​ប្រើ​បន្ទះឈីប Snapdragon 8150

Lenovo គឺ​ជា​ក្រុមហ៊ុន​ដែល​ជោគជ័យ​លើ​ផ្នែក​កុំព្យូទ័រ​រហូត​ដល់​មាន​ការ​ទិញ​យក laptop IBM យក​មក​ធ្វើ​ជា​ផលិតផល​របស់​ខ្លួន ហើយ​សម្រាប់​ទូរស័ព្ទ​វិញ Lenovo ក៏​មាន​​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ជា​ច្រើន​ស៊េរី ដែល​កាល​ថ្មីៗ​នេះ​ lenovo ទើប​ផលិត​បាន​ទូរស័ព្ទ​អេក្រង់​លាត​គ្មាន​ឆក ជាមួយ​កាមេរ៉ា​ខាង​មុខ​ហូត​ដែល​មាន​ឈ្មោះ​ថា Lenovo Z5 Pro ។

ឥឡូវ​នេះ​ត្រកូល Z5 មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ ដោយ ​Lenovo បាន​ចេញ​មួយ​ស៊េរី​ទៀត​ឈ្មោះ​ថា Lenovo Z5s ដែល​ទើប​តែ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ទទួល​ស្គាល់ ។ យោង​តាម​គេហទំព័រ TENAA ធ្វើ​ឲ្យ​យើង​បាន​ដឹង​ថា Lenovo Z5s វា​មាន​លេខ​ម៉ូដែល L78071​ ប្រើប្រាស់​បន្ទះឈីប Qualcomm Snapdragon 8150 ដែល​ជា​បន្ទះឈីប​ស៊េរី​ឆ្នាំ 2019 ។ អេក្រង់​របស់​វា​មាន​ទំហំ 6.3 អ៊ីញ ថ្ម 3,210 mAh ហើយ​អាច​នឹង​មាន​មុខងារ​អាវក្រោះ​ការពារ​ទឹក​មក​ជាមួយ​ផង​ដែរ ។

ទំហំ​របស់​វា​មាន 156.7 x 74.5 x 7.8 mm នៅ​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​មាន​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់ ស្រដៀង​នឹង P20 Pro និង ​logo របស់ Lenovo បញ្ឈរ​ស្រប​តាម​កាមេរ៉ា​ផង​ដែរ ។ វា​មាន​ទ្រនាប់​ស្កេន​ខ្ចៅដៃ​នៅ​ខាង​ក្រោយ ដូច្នេះ​ទូរស័ព្ទ​មួយ​នេះ​គ្មាន​មុខងារ​ស្កេន​​ខ្ចៅ​នៅ​លើ​អេក្រង់​នោះ​ទេ ។

ប្រសិន​វា​ពិត​ជា​ប្រើប្រាស់​បន្ទះឈីប Qualcomm Snapdragon 8150 ពិត​មែន​នោះ ទូរស័ព្ទ​នេះ​នឹង​មាន​តម្លៃ​ខ្ពស់ អាច​មាន​តម្លៃ​ចាប់​ពី ​$500 ឡើង​ទៅ ។ ព័ត៌មាន​បន្ថែម​យើង​ខ្ញុំ​នឹង​ធ្វើការ​ចុះ​ផ្សាយ​ជា​បន្ត​នៅ​លើក​ក្រោយ​ទៀត ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក