Nov 1, 2018

ចេញ​មក​ហើយ ! FlexPai ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន​មុន​គេ​លើ​លោក ហើយ​ប្រើ​បន្ទះឈីប​លំដាប់​ថេប្លេត Snapdragon 8150 [មាន​វីដេអូ]

វា​បាន​ក្លាយ​ជា​ការពិត​ហើយ តែ​មិន​មែន​ស្ថិត​នៅ​ក្រោម​ឈ្មោះ Samsung ឬ Huawei នោះ​ទេ!!! ។ FlexPai វា​ជា​ឧបករណ៍​ថេប្លេត ដែល​មាន​អេក្រង់​ទំហំ 7.8 អ៊ីញ សមាមាត្រ 4:3 aspect ratio នៅ​ខ្លួន​របស់​វា​លា​ត្រង់​ តែ​បើ​យើង​ធ្វើការ​បត់​អេក្រង់​វា​នឹង​ក្លាយ​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​២​សង្ខាង ហើយ​ការ​បត់​នេះ វា​មិន​រាប​ស្មើ​ខ្លាំង​ពេក​នោះ​ទេ គឺ​វា​បន្សល់​ចន្លោះ​មួយ​ មិន​ខុស​ពី​យើង​យក​សៀវភៅ​សរសេរ​មួយ​ក្បាល​បត់​វា​ជា​២​នោះ​ទេ ។
សម្រាប់​អេក្រង់​របស់​វា​គឺ​ជា​ប្រភេទ AMOLED ដែល​អាច​បត់​​នៅ​ផ្នែក​ពាក់​កណ្ដាល​អេក្រង់​របស់​វា​បាន ។ ហើយ​ប្រព័ន្ធ​​ចុច​បញ្ជា​របស់​វា​គឺ dubbed Water OS ដែល​មាន​នាទី​គ្រប់គ្រង​កម្មវិធី និង​បង្ហាញ​កម្មវិធី​ឲ្យ​ស្រួល​មើល​នៅ​ពេល​អេក្រង់​លា ឬ​អេក្រង់​បត់ ។

នៅ​ផ្នែក​កាមេរ៉ា​  FlexPai មាន​កាមេរ៉ា​ចំនួន ២​គ្រាប់​ទំហំ ១៦+២០ មេហ្គា​ភីកសែល ដែល len មួយ​មាន​តួនាទី​​ថត​ជា​លក្ខណៈ telephoto ដែល​អាច​ផ្ដិត​យក​ទេសភាព​ឆ្ងាយ​ៗ​បាន ។ ដើម្បី​អាច​ថត​វីដេអូ ឬ​រូបភាព​ផ្សេងៗ​លោកអ្នក​ត្រូវ​បត់​ទូរស័ព្ទ​ជាមុន​សិន ដើម្បី​ឲ្យ​កាមេរ៉ា​ដែល​មាន​តែ​២​គ្រាប់​នោះ បែរ​ទៅ​រក​រូបភាព​ដែល​អ្នក​ចង់​ថត ដោយ​បង្ហាញ​អេក្រង់​មួយ​កំណាត់​មក​រក​មុខ​លោក​អ្នក ។ ហើយ​សម្រាប់​ការ​ថត​រូប​ខ្លួន​ឯង​ យើង​អាច​ថត​បាន​ក្នុង​សភាព​ទូរស័ព្ទ​កំពុង​បត់​អេក្រង់ ឬ​អេក្រង់​លា​ស្រាប់​ហើយ ។
មិន​ត្រឹម​តែ​ជា​ទូរស័ព្ទ​ដំបូង​គេ​ដែល​មាន​អេក្រង់​បត់​បាន​ ចេញ​លក់​នៅ​លើ​ទីផ្សារ​ប៉ុណ្ណោះ​ទេ  FlexPai នៅ​មាន​ប្រើ​បន្ទះឈីប Snapdragon 8150 ទំហំ 7nm ដែល​ជា​បន្ទះឈីប​ថ្មី មិន​ធ្លាប់​មាន​ប្រើ​លើ​ពពួក​ទូរស័ព្ទ​ឡើយ ។ តែ​សម្រាប់​សមត្ថភាព Snapdragon 8150 យើង​នៅ​មិន​ទាន់​ដឹង​ពី​កម្លាំង​ពិត​របស់​វា​នៅ​ឡើយ​ទេ ។
បើសិន​យើង​លា​អេក្រង់​ទូរស័ព្ទ​នេះ វា​នឹង​មាន​កម្រាស់ 7.6mm គឺ​ស្ដើង​ដូច​ទៅ​នឹង​ទូរស័ព្ទ​នានា​ដែរ តែ​បើ​យើង​បត់​អេក្រង់​របស់​វា​នោះ វា​នឹង​មាន​កម្រាស់​ដល់​ទៅ 15.2mm វិញ ។ ហើយ​គុណភាប​អេក្រង់​ FlexPai ជំនាន់​ដំបូង​គេ​នេះ គឺ​ធន់​នឹង​ការ​បត់​ចុះ​ឡើង​បាន​ដល់​ទៅ ២​សែន​ដង​ឯណោះ ដែល​ល្មម​គ្រប់គ្រាន់​​អាច​ប្រើ​ប្រាស់​បាន​រាប់​សិន​ឆ្នាំ ។
RAM មាន​ទំហំ ៦ GB ជាមួយ​ទំហំ​ផ្ទុក ១២៨ GB ហើយ​លោក​អ្នក​នៅ​មាន​ជម្រើស​កម្លាំង​ខ្លាំង​២​ទៀត​គឺ RAM ៨ GB ជាមួយ​ទំហំ​ផ្ទុក ២៥៦ GB និង RAM ៨ GB ជាមួយ​ទំហំ​ផ្ទុក ៥១២ GB ។ ទូរស័ព្ទ​នេះ​គេ​អះអាង​ថា​អាច​សាក​ថ្ម​ពី ០% ដល់ ៨០%  ដោយ​ចំណាយ​ពេល​ត្រឹម ៦០នាទី គឺ​ស្មើ​នឹង​មួយ​ម៉ោង ។
សម្រាប់​តម្លៃ​ចេញ​លក់​លើក​ដំបូង​នេះ​គឺ​មាន​តម្លៃ​ចាប់​ពី $១៣០០ ដែល​ជា​តម្លៃ​មិន​ជា​ថ្លៃ​ខ្លាំង​នោះ​ទេ​បើ​ប្រៀបធៀប​លក្ខណៈ​ពិសេស​របស់​វា​ ជាមួយ​ម៉ូដែល​កំពូល​ៗ​ក្នុង​ពេល​នេះ ។ ហើយ​អ្វី​ដែល​លោកអ្នក​ទទួល​បាន​ពី​វា​គឺ Snapdragon 8150 និង​អេក្រង់​ទំហំ 7.8 អ៊ីញ អាច​បត់​បាន ៕

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

___________
ប្រភព





Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក