Aug 3, 2018

លក្ខណៈ​សម្បត្តិ​ថេប្លេត Samsung Galaxy Tab A 10.5 បង្កើត​ឡើង​សម្រាប់​កូនៗ​លោកអ្នក

ថ្វីត្បិត​ថា​ទីផ្សារ​ថេប្លេត​មិន​សូវ​រីក​ចម្រើន​ក៏​ពិត​មែន តែ​ថេប្លេត​មាន​ប្រយោជន៍ និង​ត្រូវ​បាន​ក្លាយ​ជា​ឧបករណ៍​សិក្សា​របស់​កូន​លោក​អ្នក​ទៅ​ហើយ ។ លោកអ្នក​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ​លើ​ការ​ទិញ​ថេប្លេត​ថ្លៃៗ​ពេក​នោះ​ទេ ព្រោះ​ពេល​នេះ​ Samsung បាន​ចេញ​បេប្លេត​មួយ​ស៊េរី ដែល​មាន​លក្ខណៈ​សម្បត្តិ​សមរម្យ​​ល្មម​អាច​កំដរ​កូន​របស់​លោកអ្នក​សិក្សា​ភាសា​អង់គ្លេស​បាន​ ។

Samsung Galaxy Tab A 10.5 ជា​ថេប្លេត​ដែល​បង្កើត​ឡើង​ឲ្យ​មាន​តម្លៃ​មួយ​សម​ល្មម​ ជាមួយ​អេក្រង់​ប្រភេទ IPS LCD អាច​បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌ ក្នុង​ទំហំ 10.5 អ៊ីញ ដែល​មាន ​Resolution 1200 x 1920 បើ​គិត​ជា​កំហាប់​ភាព​ច្បាស់​វិញ​វា​មាន ~216 ppi ដែល​កម្រិត​ប៉ុណ្ណេះ​គឺ​ល្អ​ប្រសើរ​សម្រាប់​ភ្នែក​របស់​កូន​លោកអ្នក ។
ដំណើរការ​ដោយ Android 8.1 (Oreo) មក​ស្រាប់ ដើរ​រលូន​ល្អ គួបផ្សំ​ជាមួយ​ឈីប Snapdragon 450 និង Ram 3GB ទៀត​នោះ​រាល់​កម្មវិធី​ដែល​បើក​ចេញ​ចូល​ គឺ​មាន​ភាព​រលូន​ល្អ លើកលែង​តែ​ហ្គេម​ធំៗ​ពេក​ដែល​មិន​ទាន់​អាច​រ៉ាប់រង​បាន​ទេ​ចំពោះ​ម៉ូដែល​នេះ ។ យើង​ក៏​អាច​បន្ថែម​អង្គ​ផ្ទុក​ឯកសារ​បន្ថែម​ទៀត​បាន​ដល់​ទំហំ 512 GB ជា​ប្រភេទ​កាត microSD ខណៈ​ដែល​ថេប្លេត​នេះ​មាន​អង្គ​ផ្ទុក​ស្រាប់​ទំហំ 32GB ។

ចំពោះ​ផ្នែក​កាមេរ៉ា​វិញ​ វា​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 8 មេហ្គា​ភីកសែល និង​ភ្លើង flash មួយ​គ្រាប់ ល្មម​អាច​ថត​រូបភាព​និង​វីដេអូ​បាន​ស្រួល ឯ​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 5 មេហ្គា​ភីកសែល ទុក​ប្រើប្រាស់​ជា​វីដេអូ Call មើល​មុខ​គ្នា​ឃើញ​យ៉ាង​ច្បាស់ ។ សូម​បញ្ជាក់​ដែរ​ថា ថេប្លេត​នេះ​អាច​ថត​វីដេអូ​បាន​ត្រឹម​ទំហំ FullHD ក្នុង​ល្បឿន 30fps តែ​ប៉ុណ្ណោះ ដែល​ទំហំ​នេះ​គឺ​មិន​ខ្លាំង​ណាស់​ណា​ទេ ។

ថេប្លេត​នេះ​វា​មាន​រន្ធ​ដោយ​កាស​ 3.5mm និង​រន្ធ​បំពង​សំឡេង​មួយ មាន​បច្ចេកវិទ្យា Bluetooth ជំនាន់ 4.2 សម្រាប់​តភ្ជាប់​ទៅ​កាន់​ឧបករណ៍​ឥត​ខ្សែ​ផ្សេងៗ​ដូចជា កូន​បាស កាស​ឥត​ខ្សែ ជា​ដើម ។ សម្រាប់​រន្ធ​សាក​ថ្ម​របស់​វា​វិញ​គឺ​នៅ​ប្រើ 2.0, Type-C 1.0 ដែល​ជា​ជំនាន់​សាមញ្ញ ទូទៅ​ងាយស្រួល​រក​សាក ។

ថាមពល​ថ្ម​របស់ Samsung Galaxy Tab A 10.5 វា​មាន​ទំហំ​ធំ​ល្មម​គឺ 7300 mAh ដែល​អាច​កំដរ​កូន​លោកអ្នក​ បាន​មួយ​ថ្ងៃ​ផង​ដែរ ។ វា​មាន​ជម្រើស​ពណ៌៣ គឺ ខ្មៅ ខៀវ និង ស ។ សម្រាប់​តម្លៃ​ដាក់​លក់​ក្នុង​ទីផ្សារ​បរទេស​គឺ​តម្លៃ​ប្រហែល 380 ដុល្លារ នៅ​លើ​ទីផ្សារ​បរទេស ដែល​ជា​តម្លៃ​​មិន​ថោក​ ក៏​មិន​ថ្លៃ​ណាស់ណា​ដែរ ។ សម្រាប់​ទី​ផ្សារ​កម្ពុជា KHGadgets នឹង​ជម្រាប​តាម​ក្រោយ​ទៀត នៅ​ពេល​ទទួល​ព័ត៌មាន​ជាក់លាក់​ណាមួយ ។

ជា​ចុង​ក្រោយ KHGadgets ចង់​ផ្ដាំផ្ញើ​ដល់​លោកអ្នក​ដែល​មាន​កូន​តូចៗ សូម​កំណត់​ម៉ោង​ក្នុង​ការ​ប្រើប្រាស់​ និង​សូម​ដាក់​កូន ៗ​លោកអ្នក ឲ្យ​ប្រើប្រាស់​នៅ​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាប់ កុំ​ឲ្យ​ក្មេង​ប្រើប្រាស់​ទូរស័ព្ទ និង​ថេប្លេត​នៅ​កន្លែង​ងងឹត ដែល​ឆាប់​ធ្វើ​ឲ្យ​ភ្នែក​ក្មេង​មាន​បញ្ហា​បាន ៕
________________
ប្រភព Samsung

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក