Aug 7, 2018

ក្រុមហ៊ុន Razer នឹង​បញ្ចេញ​ទូរស័ព្ទ​ឯកទេស​ហ្គេម​របស់​ខ្លួន​ជំនាន់​ទី 2 នៅ​ចុង​ឆ្នាំ​នេះ 2018

រំលឹក​កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន Razer បាន​ធ្វើ​ឲ្យ​ពិភព​ទូរស័ព្ទ​មាន​ការ​ភ្ញាក់ផ្អើល ដោយ​បាន​ផលិត​នូវ​ទូរស័ព្ទ​សម្រាប់​ហ្គេម ដែល​មាន​ការរចនា​ខុស​ប្លែក​ពី​គេ មាន​បំពាក់​ជាមួយ​អេក្រង់​ដែល​អាច បង្ហាញ​ល្បឿន​បាន​លឿន​ដល់​ទៅ 120 Hz ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ស្រួល​សម្លឹង​លើ​ចលនា​លឿនៗ និង​សូវ​ឈឺ​ភ្នែក ។
យោង​តាម​​លោក Chen Xiaoping ​បាន​នាំ​ពាក្យ​ជំនួស​​​ក្រុមហ៊ុន​ Razer ថា​នៅ​ចុង​ឆ្នាំ ​2018 នេះ ក្រុមហ៊ុន​ដែល​ជំនាញ​ផលិត​សម្ភារៈ​សម្រាប់​អ្នក​លេង​ហ្គេម​កុំព្យូទ័រ នឹង​ដាក់​បង្ហាញ​ទូរស័ព្ទ Razer Phone ជំនាន់​ទី ២​ របស់​ខ្លួន ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​ China Joy 2018 ក្នុង​ទីក្រុង​សៀងហៃ លោក​បាន​និយាយ​ថា​ទូរស័ព្ទ​ថ្មី​នេះ នឹង​អាច​បង្ហាញ​ខ្លួន​​មុន​ដាច់​ឆ្នាំ​ 2018 គឺ​នៅ​ក្នុង​ខែ​ធ្នូ ។ មូលហេតុ​ដែល​ក្រុមហ៊ុន Razer ត្រូវ​រង់ចាំ​ដល់​ចុង​ឆ្នាំ មក​ពី​ក្រុមហ៊ុន​ចង់​ឲ្យ​ទូរស័ព្ទ​ឯកទេស​ខាង​ហ្គេម​របស់​ខ្លួន បាន​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 855 របស់​ក្រុមហ៊ុន Qualcomm ។
លោក Chen Xiaoping ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​មក​ថា Razer Phone ត្រូវ​តែ​ប្រើប្រាស់​បន្ទះ​ឈីប​ចុង​ក្រោយ ឲ្យ​បាន​មុន​ក្រុមហ៊ុន​ផ្សេងៗ និង​សម្រាប់​ហ្គេម​ឆ្នាំ​ 2019 ដែល​ទាមទារ​​បន្ទះ​ឈីប​កម្លាំង​ខ្លាំង​មួយ​ដែល​មិនមែន​ត្រឹម Snapdragon 845 ស៊េរី​បច្ចុប្បន្ន​នេះ​នោះ​ទេ ។
ងាក​ទៅ​មើល​កាលពី​ឆ្នាំ​មុន ដែល​ក្រុមហ៊ុន Razer ​ចេញ​ទូរស័ព្ទ​ដំបូង​របស់​ខ្លួន​នោះ គឺ​លក្ខណៈ​សម្បត្តិ​ដូចជា​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 835 និង​មាន​ Ram ទំហំ​ដល់​ទៅ 8GB ជាមួយ​នឹង​អេក្រង់ 5.7 អ៊ីញ​ បង្ហាញ​រូបភាព​ដល់ QHD IGZO LCD មាន​ល្បឿន​បង្ហាញ​រូប​ដល់ 120 Hz ដែល​លឿន​ជាង​អេក្រង់​ទូរស័ព្ទ​ទូទៅ​​ដល់​ទៅ 2 ដង ។ ជាមួយ​ថាមពល​ថ្ម 4,000 mAh និង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន ​Quick Charge 4+ នោះ ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ​2018 នៅ​តែ​ខ្លាំង​ អាច​និយាយ​បាន​ថា មិន​ទាន់​មាន​ទូរស័ព្ទ​ណា​ប្រហាក់ប្រហែល​នវ​នៅ​ឡើយ​ទេ ។
ទូរស័ព្ទ​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល $699 លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក ហើយ​ក៏​ធ្លាប់​មាន​លក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ ។ ដូច្នេះ​សម្រាប់​ស្មាតហ្វូន Razer Phone 2 យើង​ជឿជាក់​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​ហ្គេម​លើ​ទូរស័ព្ទ​ចក​ចិត្ត​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​នេះ​ចូលចិត្ត​ផលិត​របស់​ដែល​មាន​លក្ខណៈ​ស៊ី​ដាច់​គេ ៕
____________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក