Aug 10, 2018

ទូរស័ព្ទ Galaxy Note9 បង្ហាញ​ខ្លួន​ហើយ​ នេះ​ជា​លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់​វា

ទូរស័ព្ទ Galaxy Note9 បង្ហាញ​ខ្លួន​ហើយ​កាល​ពី​យប់មិញ​នេះ ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​កែប្រែ​គ្រឿង​ខាង​ក្នុង​និង​ប្រព័ន្ធ​ដំណើរការ ជាជាង​ការ​រចនា​រូបរាង​ថ្មី ។ ប្រិយមិត្ត​ដែល​និយម​តាម​ដាន​អំពី​ខ្សែស្រឡាយ​នៃ​ទូរស័ព្ទ​អេក្រង់​ធំ​មាន​ប៊ិក​ចុច​នេះ ប្រាកដ​ជា​បាន​ដឹង​ពី​រឿង​រ៉ាវ​ជា​ច្រើន​ទម្រាំ​មក​ដល់​ថ្ងៃ​ចេញ​ជា​ផ្លូវ​ការ​នៃ​ទូរស័ព្ទ Galaxy Note9 ។ អាច​ចាត់ទុកជា​រឿង​ដែល​អស្ចារ្យ​មួយ ដែល Galaxy Note អាច​មាន​លទ្ធភាព​ពង្រីក​ទំហំ​ថ្ម​ដល់ 4000mAh ដែល​​ពី​ជំនាន់ Galaxy Note7 មាន​ជួប​រឿង​មិន​ល្អ​ធ្វើ​ឲ្យ​ផ្ទុះ​ថ្ម ​រហូត​ដល់​ត្រូវ​បង្ខំ​ចិត្ត​ប្រមូល​ចូល​រោងចក្រ​វិញ និង​អ​ខាន​លក់ និង​ត្រូវ​ប្រឈម​នឹង​ការ​ខាត​បង់​ជា​ច្រើន​រយ​លាន​ដុល្លារ ។

Galaxy Note9 មិន​ជា​អស្ចារ្យ​ខ្លាំង​ពេក​ទេ តែ​សម្រាប់​ឆ្នាំ​ 2018 នេះ វា​ពិត​ជា​ធ្វើ​បាន​ល្អ​ជាង​មុន​ឆ្ងាយ ទាំង​មុខងារ និង​គ្រឿង​រឹង​របស់​វា សុទ្ធតែ​ចម្រាញ​ដល់​កម្រិត​មួយ​ដែល​ដៃគូ​ប្រកួត​មិន​ងាយ​នឹង​ធ្វើ​បាន​ទេ​ក្នុង​ប្រភេទ​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ក្នុង​ខ្ទង់​ 6 អ៊ីញ​ឡើង​វិញ ។​ KHGadgets នឹង​ធ្វើ​ការ​សម្រាយ​អំពី​មុខងារ​និង​គ្រឿង​រឹង​របស់​វា​តាម​អក្សរ​​ខ្មែរ​ខាង​ក្រោម​នេះ ៖

អេក្រង់ 6.4 អ៊ីញ

បើ​យើង​រាប់​ទូរស័ព្ទ​ពី Galaxy Note8 មក​ដល់ Galaxy Note9 នេះ ក្រុមហ៊ុន​​ Samsung បាន​ចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ជា​ច្រើន​ដែល​រាប់​ឃើញ 21 ម៉ូដែល ដែល​មាន​ទំហំ​ខុសៗ​គ្នា តែ​ភាគ​ច្រើន​គឺ​ប្រើប្រាស់​អេក្រង់​ប្រភេទ Super AMOLED ដែល​ជា​អេក្រង់​លំដាប់​កំពូល​នា​ពេល​បច្ចុប្បន្ន​នេះ ។ សម្រាប់ Galaxy Note9 បាន​ប្រឹង​ពង្រីក​អេក្រង់​របស់​ខ្លួន​ឲ្យ​ធំ​ជាង​ជំនាន់​មុន​​បាន 1 អ៊ីញ ដែល​ឥឡូវ​នេះ​វា​មាន​ទំហំ 6.4 អ៊ីញ​ជា​ប្រភេទ​អេក្រង់ Super AMOLED បង្ហាញ​ពណ៌​មាន 16 លាន​ពណ៌ ។ បើ​​យើង​ធៀប​ពី​តួ​ទូរស័ព្ទ​នឹង​សាច់​អេក្រង់​ទូរស័ព្ទ​នេះ មាន​សាច់​អេក្រង់​ប្រមាណ 83.4% នៃ​តួ​ទូរស័ព្ទ ។ អេក្រង់​ដែល​បំពាក់​លើ Galaxy Note9 មាន resolution 1440 x 2960 ភីកសែល សមាមាត្រ 18.5:9 ratio ជា​ប្រភេទ​អេក្រង់​ទ្រវែង និង​មាន​កំហាប់​ភាព​ច្បាស់​ដល់ 516 ppi ក្នុង​មួយ​អ៊ីញ​ការ៉េ ។

អេក្រង់​ក្រាល​ដោយ​កញ្ចក់​ការពារ Corning Gorilla Glass 5 មាន​បច្ចេកវិទ្យា​ជំនួយ​ពណ៌ HDR10 និង​មុខងារ Always-on display ដែល​អាច​បង្ហាញ​ព័ត៌មាន​លើ​អេក្រង់​ដោយ​មិន​បាច់​ចុច​បើក​ទូរស័ព្ទ​ឡើយ គឺ​វា​បង្ហាញ​ជាប់​រហូត​ដូចជា នាឡិកា ប្រក្រតិទិន ជាដើម ។

ប្រព័ន្ធ​ដំណើរការ Android 8.1

ដោយសារ Android P សម្រាប់​ឆ្នាំ 2019 ទើប​នឹង​ប្រកាស​ថ្មីៗ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ទើប​ធ្វើ​ឲ្យ Galaxy Note9 មិន​មាន​អ្វី​បង្អួត​ទាក់ទង​នឹង​ការ​ចុច​បញ្ជា​បែប​ថ្មី​នៅ​ឡើយ​ទេ ។ គ្រាន់តែ​វា​ដំណើរការ​បាន​ល្អ និង​មាន​សុវត្ថិភាព​ខ្ពស់​ជាង​បណ្ដា​ទូរស័ព្ទ Android ទូទៅ នោះ​ព្រោះ​តែ Samsung បាន​យក​ចិត្ត​ទុកដាក់​ធ្វើ​ឲ្យ Galaxy Note9 ដែល​ជា​ទូរស័ព្ទ​លំដាប់​ថ្លៃ​សម្រាប់​អ្នក​ជំនួញ​ប្រើប្រាស់ ឲ្យ​ប្រាកដ​ថា​វា​នឹង​មិន​ត្រូវ​បាន Hacker វាយ​ប្រហារ​ងាយៗ​នោះ​ទេ ព្រោះ​វា​មាន​ឈីប​សុវត្ថិភាព​បង្កប់​ក្នុង​គ្រឿង​ទូរស័ព្ទ​ដើម្បី​ការពារ​ពីលើ Saftware របស់ Android មួយ​កត់​ទៀត ។

គ្រឿង​រឹង

ទូរស័ព្ទ​មួយ​នេះ​ចែក​ចេញ​ពី​ជា​២​ប្រភេទ​មួយ​ប្រភេទ​ប្រើ​បន្ទះ​ឈីប​របស់​ក្រុមហ៊ុន Qualcomm SDM845 Snapdragon 845 ដែល​មាន 8 ខួរក្បាល​ល្បឿន 2.8 GHz ​គុណ​នឹង​បួន និង 1.7 GHzគុណ​នឹង​បួន រត់​ចាប់​ដៃ​គ្នា​ជាមួយ​អង្គ​ក្រាហ្វិក Adreno 630 ។ សម្រាប់​បន្ទះ​ឈីប​នេះ គឺ​សម្រាប់​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង ទី​ផ្សារ​ប្រទេស​ចិន ដែល​ត្រូវការ​ប្រើប្រាស់​បន្ទះ​ឈីប​របស់​ក្រុមហ៊ុន​​អាមេរិក​គ្នា​គេ និង​ដើម្បី​ទុក​ចិត្ត​ថា​គ្មាន​អ្នក​លួច​ដាក់​កម្មវិធី​ប្រមូល​ទិន្នន័យ​ជា​សំងាត់​ ដូច​រឿង​អាស្រូវ​របស់ Huawei ទៀត​ទេ ។

សម្រាប់​ម៉ូដែល​ប្រើប្រាស់​បន្ទះ​ឈីប Exynos 9810 Octa ដែល​ជា​ស្នាដៃ​រចនា​និង​ផលិត​ដោយ Samsung ផ្ទាល់ ។ មាន 8 ខួរក្បាល​ល្បឿន 2.7 GHz ​គុណ​នឹង​បួន និង 1.8 GHz គុណ​នឹង​បួន រត់​ជាមួយ​អង្គ​ក្រាហ្វិក Mali-G72 MP18 សម្រាប់​ចេញ​លក់​តាម​ប្រទេស​នានា ​រួម​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ។

សម្រាប់​ Ram របស់​កំពូល​ទូរស័ព្ទ​មួយ​នេះ មាន​ទំហំ Ram 6GB សម្រាប់​ទំហំ​ផ្ទុក 128GB និង​ Ram 8GB សម្រាប់​ទំហំ​ផ្ទុក 512GB ឃើញ​ថា​ទូរស័ព្ទ​នេះ​មាន​ទំហំ​ផ្ទុក​ធំ ដែល​អំណោយ​ផល​ដល់​អ្នក​ដែល​ចូលចិត្ត​ថត​វីដេអូ​ធំៗ​កម្រិត 4K និង 4K@60fps ដែល​ត្រូវ​ការ​កន្លែង​ដាក់​ឯកសារ​បាន​ច្រើន ។ លោក​អ្នក​ក៏​នៅ​មាន​លទ្ធភាព ​ពង្រីក​ការ​ផ្ទុក​ឯកសារ​បាន​ 512GB បន្ថែម​តាម​កាត​មេម៉ូរី microSD ដែល​សរុប​ទៅ​ទូរស័ព្ទ​នេះ​ចូល​ខ្ទង់ TB (តេរ៉ាបៃ) ស្មើ​នឹង 1000GB ឯណោះ ។

កាមេរ៉ា​ភ្លោះ និង​បញ្ញា​សិប្បនិមិត្ត

សម្រាប់​ជំនាន់ Galaxy Note9 នេះ​កាន់តែ​ពិសេស​ឡើង​ត្រង់​កាមេរ៉ា​ភ្លោះ​ដែល​មាន​ទំហំ 12 មេហ្គា​ភីកសែល មាន​ទំហំ aperture ធំ​ដល់ f/1.5 ដែល​ជា​ទំហំ​ជិត​ដល់​កាមេរ៉ា​អាជីព​ថ្លៃៗ​ដែល​មាន f/1.4 សម្រាប់​ចាប់​យក​កម្រិត​ពន្លឺ​បាន​យ៉ាង​ល្អ និង​មួយ​គ្រាប់​ទៀត​ 12 មេហ្គា​ភីកសែល មាន f/2.4 ។ កាមេរ៉ា​ទាំង​២​គ្រាប់​នេះ​មាន​មុខងារ​ទប់​លំនឹង​បាន​ល្អ​ជា​ទី​បំផុត ។ យើង​អាច​ប្រើ​ទូរស័ព្ទ​នេះ​ថត​វីដេអូ​បាន​ដល់ 2160p@60fps, 1080p@240fps, 720p@960fps ។

ចំណែក​កាមេរ៉ា​ខាង​មុខ​ វា​មាន​តែ​មួយ​គ្រាប់​ទេ គឺ​ទំហំ 8 មេហ្គា​ភីកសែល មាន aperture f/1.7 ជាមួយ​មុខងារ Live មាន​កាមេរ៉ា​ទាំង​មុខ​និង​ក្រោយ​រួម​គ្នា​ក្នុង​ពេល​តែ​មួយ ។ កាមេរ៉ា​មុខ​នេះ​អាច​ថត​វីដេអូ​បាន​ដល់​ទំហំ 1440p@30fps (2K) ។

រន្ធ និង​ការ​តភ្ជាប់

សូម​សរសើរ Samsung ដែល​នៅ​តែ​មិន​បោះ​បង់​រន្ធ​ដោត​កាស​ទំហំ 3.5mm ដែល​ជា​រន្ធ​ប្រពៃណី​ដែល​ត្រូវ​បាន Apple បោះបង់​ឈប់​ប្រើប្រាស់ ។ ទូរស័ព្ទ​នេះ​មាន​រន្ធ​បញ្ចេញ​សំឡេង​ចំនួន​២ បែប stereo ដែល​ពិបាក​នឹង​រក​បាន​នៅ​លើ​ទូរស័ព្ទ​ផ្សេង​បាន​ទេ ។ សម្រាប់​រន្ធ​សាក​ថ្ម ទូរស័ព្ទ​មួយ​នេះ​ប្រើ USB 3.1, Type-C 1.0

ថាមពល​ថ្ម 4000mAh

ដោយ​ឆ្លង​កាត់​នូវ​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ និង​បាន​ងើប​ឡើង​វិញ​ក្នុង​ជំនាន់ Galaxy Note8 ឥឡូវ​នេះ Samsung បាន​បំពាក់​នូវ​ថ្ម​ទំហំ 4000mAh សម្រាប់​ទូរស័ព្ទ​កំពូល​របស់​ខ្លួន​មួយ​នេះ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​សប្បាយ​រីករាយ​ក្នុង​ការ​ប្រើ​ដោយ​មិន​ខ្លាច​ឆាប់​អស់​ថ្ម ។ វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ Quick Charge ជំនាន់​ទី 2.0 ដែល​ជួយ​ឲ្យ​ការ​សាក​ថ្ម​បាន​កាន់​តែ​លឿន ។

លក្ខណៈ​ពិសេស​បន្ថែម​ថ្មីៗ

  • អាវ​ក្រោះ​ការពារ​ជម្រាប​ទឹក​កម្រិត IP68
  • រន្ធ​ដោយ​កាស និង​ប្រព័ន្ធ​សំឡេង AKG stereo
  • កាមេរ៉ា​វៃ​ឆ្លាត Biometric authentication
  • S Pen ជំនាន់​ថ្មី​ប្រើ​ការ​បាន​ច្រើន​យ៉ាង
  • Samsung DeX ត្រូវការ​ត្រឹម​​តែ​ខ្សែ​មួយ
  • ប្រព័ន្ធ​បញ្ចុះ​កម្ដៅ water-carbon cooling system
  • ប្រព័ន្ធ​សុវត្ថិភាព Knox 
សរុប​មក​យើង​ឃើញ​ថា ការ​កែប្រែ​លើ​ជំនាន់​ថ្មី Galaxy Note9 មាន​ចំណុច​ល្អ​ជា​ច្រើន​ដែល​ទូរស័ព្ទ​ចេញ​ឆ្នាំ​ 2018 នេះ​ពិបាក​នឹង​ផ្ដួល​ណាស់ ។ តែ​អ្វី​ដែល​ជា​ចំណុច​ខ្សោយ​របស់​វា​គឺ រូបរាង អេក្រង់ និង​បន្ទះ​ឈីប ដែល​ជា​ជំនាន់​កាលពី Note8 ដូច្នេះ​សម្រាប់​អ្នក​មាន​ទូរស័ព្ទ Galaxy Note8 ហើយ​មិន​ទាន់​ឡើង​ស៊េរី​ក៏​បាន​ដែរ តែ​បើ​ចង់​បាន​ទំហំ​ថ្ម​ធំ​ជាង​មុន នោះ​អាច​គិត​គូ​ពិចារណា​បាន ៕

















____________________
ប្រភព Samsung

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក