Aug 7, 2018

DOOGEE X60L ទូរស័ព្ទ​​កាមេរ៉ា​ភ្លោះ អេក្រង់ 5.5 អ៊ីញ ដែល​មាន​តម្លៃ​ធូរថ្លៃ​ក្នុង​ទីផ្សារ​កម្ពុជា

នៅ​ខែ​មីនា​ឆ្នាំ 2013 ក្រុមហ៊ុន DOOGEE  ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ​ដើម្បី​ផលិត​ និង​​​នាំ​យក​គំនិត​ច្នៃប្រឌិត​ខាង​បច្ចេកវិទ្យា​ចល័ត ដែល​មាន​គុណភាព​ខ្ពស់​ចូល​​ទីផ្សារ​ពិភពលោក ។ ស្ថិត​ក្នុង​នា​ជា​ក្រុមហ៊ុន​ថ្មី​ខាង​ផលិត​និង​រចនា​ទូរស័ព្ទ ក្រុមហ៊ុន​មួយ​នេះ​​បាន​ឈាន​ជើង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រួម​មាន​ម៉ូដែល ​ដែល​មាន​តម្លៃ​ក្រោម 100$ និង​ម៉ូដែល​ដែល​មាន​ថាមពល​ថ្ម​ធំ អាច​ប្រើ​បាន​ច្រើន​ថ្ងៃ​ ។

គេហទំព័រ​ KHGadgets ធ្លាប់​បាន​ចុះ​ផ្សាយ​អំពី​ស៊េរី​ទូរស័ព្ទ DOOGEE 2 ស៊េរី​រួច​មក​ហើយ សូម​ចុច​ទី​នេះ => វីដេអូ​បង្ហាញ​លក្ខណៈ​សម្បត្តិ Doogee X55 និង X50 រាង​ស្អាត​តម្លៃ​ធូរ​ថ្លៃ ដែល​ផលិត​មក​សមរម្យ​សម្រាប់​បងប្អូន​ដែល​​មាន​តម្រូវ​ការ​ទូរស័ព្ទ​ថ្មី ដំណើរការ​មិន​រអាក់រអួល ។ ឥឡូវ​នេះ​ក្រុមហ៊ុន DOOGEE បាន​ចេញ​ទូរស័ព្ទ​មួយ​ស៊េរី​ថ្មី​ទៀតហើយ​គឺ DOOGEE X60L ដែល​មាន​តម្លៃ​ប្រហែល 119 ដុល្លារ ។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​រចនា​ឲ្យ​មាន​រាង​ស្អាត​ជាង​មុន និង​ដំណើរការ​លឿន​ជាង​មុន ជាពិសេស​គឺ​មាន​កាមេរ៉ា ២ គ្រាប់ ដែល​កំពុង​ពេញ​និយម​នា​ពេល​​បច្ចុប្បន្ន​នេះ ។

DOOGEE X60L ត្រូវ​បាន​បំពាក់​​មក​ជាមួយ​​នូវ​អេក្រង់​ទំហំ 5.5 អ៊ីញ HD ជា​ប្រភេទ IPS LCD សមាមាត្រ 18:9 រាង​ទ្រវែង ដែល​ជា​ម៉ូដ​អេក្រង់​​មួយ​ទាន់​សម័យ ។ គែម​អេក្រង់​កោង​ផុស​ប្រភេទ 2.5D ងាយស្រួល​ក្នុង​ការ​ចាប់​កាន់ និង​លេង​ហ្គេម​ដោយ​មិន​ខ្លាច​រអិល​ធ្លាក់ ។ ថ្វី​បើ​ជា​ទូរស័ព្ទ​លំដាប់​ធូរ​ថ្លៃ​តែ​គែម​ទូរស័ព្ទ​មាន​ទំហំ​តូច និង​មាន​ស៊ុម​រលោង ស្រោប​បាន​យ៉ាង​ស្អាត ។ ទូរស័ព្ទ​នេះ​អាច​ឲ្យ​លោកអ្នក​ដោះ​សន្ទះ​ខាង​ក្រោយ​ដើម្បី​ធ្វើការ​ដោះ​ដូរ ស៊ីម​កាត បាន​យ៉ាង​ងាយស្រួល ។

ទូរស័ព្ទ​​អាច​ប្រើប្រាស់​ស៊ីម​កាត​បាន ២ ជា​ប្រភេទ​​ប្រព័ន្ធ 4G និង ដំណើរការ​ដោយ Android 7.0 Nougat បើក​ចេញ​ពី​ប្រអប់ វា​ប្រើ​បន្ទះ​ឈីប MediaTek MT6737V ដែល​មាន CPU ARM Cortex-A53 ល្បឿន 1.25GHz មាន 4 Core និង​រត់​អម​ដោយ GPU ARM Mali-T720 M1 ។ ទូរស័ព្ទ​នេះ​មាន​Ram ទំហំ 2GB ជាមួយ​អង្គ​ផ្ទុក​ឯកសារ​បាន 16GB និង​អាច​បន្ថែម​ដល់ 128GB តាម​រយៈ microSD កាត ។

នៅ​ផ្នែក​កាមេរ៉ា​វិញ DOOGEE X60L មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 13 មេហ្គា​ភីកសែល + 8 មេហ្គា​ភីកសែល ដែល​ធ្វើការ​រួម​គ្នា ដើម្បី​ផលិត​នូវ​រូបភាព​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន ។​ អាច​ថត​វីដេអូ​ដល់​ទំហំ HD មាន​ល្បឿន 30fps ។ ផ្នែក​សំឡេង​​យើង​ឃើញ​មាន​រន្ធ​បំពង​សំឡេង​នៅ​ផ្នែក​ខាង​ក្រោម និង​រន្ធ​ដោត​កាស 3.5mm នៅ​ផ្នែក​ខាង​លើ​នៃ​ទូរស័ព្ទ ។  DOOGEE X60L មាន​ថាមពល​ថ្ម​ទំហំ 3300mAh ដែល​សាក​តាម​​រន្ធ​ USB 2.0 Micro ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន ។

សរុប​មក​វិញ​ទូរស័ព្ទ  DOOGEE X60L មាន​ដំណើរការ​លឿន​សមរម្យ និង​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ជាមួយ​នឹង​តម្លៃ​ប្រហែល 119 ដុល្លារ មាន​ធានា​ចេញ​ពី​ក្រុម​ហ៊ុន​នាំ​ចូល​ ដែល​អាច​រក​ជាវ​បាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ហើយ ៕
________________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក