Jul 14, 2018

លេច​រូបភាព Samsung Galaxy Tab A2 ក្នុង​មន្ទីរពិសោធន៍ FCC

ឥឡូវ​នេះ​ទី​ផ្សារ​ថេប្លេត​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ដែល​សូម្បី​តែ Apple ដែល​មាន​ជំនាញ​ផលិត iPad ក៏​មាន​ចំនួន​លក់​ធ្លាក់​ចុះ​ផង​ដែរ ដោយសារ​​មាន​ថេប្លេត​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ចេញ​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ ដែល​ជា​ជម្រើស​​ល្អ សម្រាប់​មាតាបិតា​ទិញ​ទុក​ឲ្យ​កូនៗ​ប្រើប្រាស់​ ។
កាល​ពី​ដើម​សប្ដាហ៍​នេះ ​ថេប្លេត Samsung Galaxy Tab A2 បង្ហាញ​ខ្លួន​ក្នុង​មន្ទីរ​ពិសោធន៍ FCC និង​បាន​បែក​ធ្លាយ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ថេប្លេត​មួយ​ម៉ូដែល​នេះ​ដំណើរការ​ជាមួយ Samsung Experience UI ដែល​ជា​ UI របស់​ក្រុមហ៊ុន Samsung បង្កើត​ផ្ទាល់ បាន​កាត់​បន្ថយ​លក្ខណៈ​ស្មុគស្មាញ​ជា​ច្រើន នៅ​សល់​តែ​ផ្ទៃ​បញ្ជា​បែប​សាមញ្ញ ងាយស្រួល​ប្រើប្រាស់ ដែល​ប្រើ Android 8.1 Oreo ជា​ស្នូល ។

រូបភាព​ទាំង 3 នេះ គឺ​បង្ហាញ​នៅ​ផ្នែក​ខាង​មុន​នៃ​អេក្រង់​ ដែល​យើង​មើល​មិន​ឃើញ​កន្លែង​ស្កេន​ម្រាមដៃ​ថា​យក​ទៅ​​ដាក់​នៅ​ទីតាំង​​ថ្មី​ត្រង់​កន្លែង​ណា​ទេ !!!  នេះ​ប្រហែល Samsung ចង់​នាំ​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​មក​បំពាក់​លើ​ថេប្លេត​ហើយ​មើល​ទៅ ។
ឧបករណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង Galaxy Tab S4 បើ​ទោះជា​វា​មាន​​រូបរាង​ស្ដើង​ និង​មិន​មាន​ស្កេន​ម្រាម​ដៃ​នៅ​ខាង​មុខ​ក្ដី ។ លក្ខណៈ​សម្បត្តិ​ Samsung Galaxy Tab A2 ដែល​បាន​ពី​មន្ទីរ​ពិសោធន៍ FCC បាន​បង្ហាញ​ថា​​នឹង​មាន​អេក្រង់​ទំហំ 10.5 អ៊ីញ មាន​​ resolution 1920 x 1200 ភីកសែល ។ អាច​ប្រើ​សេវា 4G LET និង​រន្ធ​សាក​ថ្ម​ប្រភេទ USB-C ។

ប្រិយមិត្ត​ត្រូវ​ដឹង​ថា​រាល់​ឧបករណ៍​អេឡិចត្រូនិក ​ដែល​ឈាន​ជើង​ចូល​ក្នុង​មន្ទីរ​ពិសោធន៍ FCC ដើម្បី​តេស្ដ​កម្រិត​ប៉ះពាល់​ពី​រលក​សញ្ញា Bluetooth និង Wi-Fi ដើម្បី​ចេញ​​វិញ្ញាបនបត្រ​សុវត្ថិភាព  នោះ​មាន​ន័យ​ថា ឧបករណ៍​ទាំងនោះ​នឹង​ឆាប់​ចេញ​លក់​ក្នុង​ទីផ្សារ ។
___________
ប្រភព​ 91mobiles

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក