Jul 24, 2018

តើ​នឹង​មាន​បច្ចេកវិទ្យា​អ្វី អាច​មក​ជំនួស​អេក្រង់​ឆក​តាម​ស្ទីល iPhone X បាន? យើង​មាន​ចម្លើយ

តាំង​តែ​ពី​ថ្ងៃ​បញ្ចេញ​ទូរស័ព្ទ iPhone X (អាយហ្វូនដប់)  ដែល​មាន​អេក្រង់​លាត​តែ​មាន​ឆក ដែល​ភាសា​អង់គ្លេស​ហៅ​ថា notch នោះ​មក យើង​ឃើញ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ត្រឹម​តាម ដោយ​បាន​បង្កើត​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​ពេញ​គ្មាន​ប៊ូតុង​ចុច​ខាង​មុខ តែ​​មាន​ឆក ដូច iPhone ដែរ ។ ក្រុមហ៊ុន​ទាំងនោះ​មិន​ចង់​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​មាន notch នោះ​ទេ តែ​ដោយ​សារ​គ្មាន​ជម្រើស​ព្រោះ​ត្រូវការ​​ដាក់​កាមេរ៉ា​ខាង​មុខ​និង​រន្ធ​បញ្ចេញ​សំឡេង ដែល​តម្រូវ​ឲ្យ​អេក្រង់​ត្រូវ​ឆក​ ដើម្បី​សល់​កន្លែង​សម្រាប់​ដាក់​កាមេរ៉ា ។
តែ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​មក​ពី​ប្រទេស​ចិន​គឺ Vivo Phone បាន​បង្កើត​បច្ចេកវិទ្យា​កាមេរ៉ា​ខាង​មុខ​លិប​លៀន ​ដើម្បី​អាច​ឲ្យ​អេក្រង់​ទូរស័ព្ទ​​របស់​ខ្លួន អាច​លាត​ពេញ​​ដោយ​គ្មាន​ស្នាម notch ។ បច្ចេកវិទ្យា​នេះ​វា​មាន​ទំហំ​តូច​ មិន​ទើសទែង និង​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​អាច​បំពាក់​ស្រោម​ការពារ​ទូរស័ព្ទ​បាន ។
 សូម​អាន
ហើយ​នៅ​មាន​ក្រុមហ៊ុន​មួយ​ទៀត​ដែល​អាច​ផលិត​ទូរស័ព្ទ​លាត​ពេញ ដោយ​គ្មាន Notch ដែរ​នោះ​គឺ Oppo តែ​ខុស​ពី​បច្ចេកវិទ្យា​របស់ Vivo ត្រង់ Oppo  ដាក់​ឲ្យ​​ហូត​ល្វែង​លើ​នៃ​ទូរស័ព្ទ​ទាំងអស់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មិន​អាច​បំពាក់​ស្រោម​ការពារ​បាន​ទេ ។

ចុះ​ក្រុមហ៊ុន Samsung ដែល​ប្រកាស​ថា​ខ្លួន​មិន​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន notch តើ​មាន​បច្ចេកវិទ្យា ឬ​វិធី​សាស្ត្រ​អ្វី​អាច​ផលិត​បាន​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​ពេញ​ដោយ​មិន​មាន​ឆក​បាន​ ? ។ រហូត​មក​ដល់​ពេល​នេះ យើង​មិន​មាន​តម្រុយ ​ឬ​ព័ត៌មាន​បែកធ្លាយ​ពី Samsung ថា​មាន​គម្រោង​ផលិត​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​ខ្លាំង​ជាង​គេ​នោះ​ទេ ហើយ​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន​ក៏​គ្មាន​បំណង​បង្កើត​ដែរ ។

សម្រាប់​មេ​នាំ​អាត Apple វិញ​ក៏​គ្មាន​គំនិត​ស្រាវជ្រាវ​​កុំ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​មាន​អេក្រង់​ឆក​ដែរ ព្រោះ​តាម​រូបភាព​បែកធ្លាយ​នៃ​​​កញ្ចប់​ការពារ​ផ្នែក​ខាង​មុន បាន​បង្ហាញ​ថា iPhone ជំនាន់​បន្ទាប់​មាន 3 ទំហំ ហើយ​សុទ្ធតែ​មាន ​notch ទាំងអស់ ។

បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់ ?

បាទ​ពិត​មែន​ហើយ មាន​តែ​នាំគ្នា​សិក្សា​ និង​ស្រាវជ្រាវ​កាមេរ៉ា​ដែល​អាច​បង្កប់​ក្រោម​អេក្រង់​បាន នោះ​ទើប​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​អេក្រង់​លាត​បាន​ដោយ​គ្មាន​ឆក ។ សម្រាប់​បច្ចេកវិទ្យា​នេះ​​វា​ពិបាក​ជាង​ការ​ស្កេន​ខ្ចៅ​ដៃ​នៅ​ក្រោម​អេក្រង់​ទៅ​ទៀត ព្រោះ​ការ​ស្កេន​ខ្ចៅ​ដៃ​វា​ប្រើ​បច្ចេកវិទ្យា​សំឡេង តែ​ការ​ថត​រូប​ភាព​ផ្សេងៗ​​ដោយ​ប្រើ​កាមេរ៉ា វា​ត្រូវការ​កន្លែង​ទំនេរ​មួយ ឬ​ក៏​អាច​ចោះ​អេក្រង់​មួយ​ដុំ​តូច​ ដើម្បី​អាច​ឲ្យ​កាមេរ៉ា​ថត​រូប​ភាព​បាន ។

KHGadgets យល់​ឃើញ​គេ​មិន​អាច​បង្កើត​កាមេរ៉ា​ថត​រូបភាព​ដោយ​​ឆ្លង​កាត់​ផ្ទៃ​អេក្រង់​ទូរស័ព្ទ​បាន​ទេ តែ​គេ​អាច​បង្កើត​ការ​ចោះ​រន្ធ​តូច​មួយ​លើ​អេក្រង់​ដើម្បី​ដាក់​បង្កប់​ កាមេរ៉ា​បាន​ តែ​បច្ចេកវិទ្យា​នេះ​វា​នឹង​ធ្វើ​ឲ្យ​អេក្រង់​មាន​ស្នាម​អុជ​ខ្មៅ​តូច​មួយ ដែល​ទើស​ភ្នែក​ដល់​អ្នក​ប្រើប្រាស់ ។ មាន​តែ​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន​តែ​ប៉ុណ្ណោះ​ដែល​ងាយស្រួល​ដល់​ការ​រចនា​ទូរស័ព្ទ​ឲ្យ​មាន​អេក្រង់​លាត​បាន ។ ជា​ចុង​ក្រោយ KHGadgets សង្ឃឹម​ថា​ទូរស័ព្ទ​នឹង​ឆាប់​ឆ្លង​ផុត​ពី​ជំនាន់​អេក្រង់​ឆក ព្រោះ Vivo និង Oppo អាច​ធ្វើ​បាន​ហើយ ដូច្នេះ​ក្រុមហ៊ុន​ដទៃ​ ក៏​ប្រហែល​ជា​អាច​ធ្វើ​បាន គ្រាន់តែ​បច្ចេកវិទ្យា​ខុសៗ​គ្នា​តែ​ប៉ុណ្ណោះ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក