Jul 14, 2018

កម្មវិធី Adobe Photoshop ពេញ​លក្ខណៈ​នឹង​មាន​លើ iPad នៅ​ឆ្នាំ​ 2019

iOS មិន​ទាន់​មាន​កម្មវិធី​ណាមួយ​ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល កុំព្យូទ័រ​នៅ​ឡើយ​ទេ បើ​ទោះ​​ជា​គ្រឿង​រឹង (hardware) របស់​វា​មាន​ល្បឿន​លឿន​សឹង​តែ​លើ​ Laptop មួយ​ចំនួន​ទៅ​​ហើយ​ក្ដី ។ ដោយ​យោ​តាម​របាយ​ការណ៍​ពី Bloomberg បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Adobe បាន​នឹង​កំពុង​​ដុត​ដៃ​ដុត​ជើង​បង្កើត​កម្មវិធី​រចនា​រូបភាព Adobe Photoshop យក​មក​ដាក់​លើ iOS ជា​ពិសេស​សម្រាប់​ប្រើ​ជាមួយ iPad និង iPad Pro ។

លោក Scott Belsky មន្ត្រី​ផលិតកម្ម​ Adobe Creative Cloud មាន​បទសម្ភាសន៍​ថ្មីៗ​នេះ​ថា : ពួក​យើង​មាន​បំណង​ចង់​ឲ្យ​កម្មវិធី Adobe Photoshop មាន​យូរ​មក​ហើយ តែ​ដោយសារ​លក្ខខណ្ឌ​គ្រឿង​រឹង​នៅ​មាន​កម្រិត ទើប​តែ​ពេល​នេះ​ទេ​ដែល iPad មាន​ល្បឿន​លឿន​ដែល​សាក​សម​ឲ្យ​កម្មវិធី Adobe Photoshop មាន​វត្តមាន​ក្នុង iPad នេះ​បាន ។
ក្រុមហ៊ុន Adobe បាន​ធ្វើ​កម្មវិធី Photoshop Express  ឲ្យ​មាន​រូបរាង​លើ iPad ជា​យូរ​មក​ហើយ តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​គឺ មុខងារ​មិន​គ្រប់គ្រាន់ ដែល​ពិបាក​នឹង​ប្រើប្រាស់​ទៅ​តាម​ការ​ចង់​បាន​ពី​អ្នក​រចនា ​ដែល​មាន​ភាព​ស្ទាត់​តែ​ជាមួយ Adobe Photoshop CC 2018 លើ​កុំព្យូទ័រ ។

Adobe គ្រោង​នឹង​បង្ហាញ​កម្មវិធី​ Adobe Photoshop របស់​ខ្លួន​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ 2019 បើ​មិន​មាន​អ្វី​មក​រាំង​ស្ទះ​ដំណើរការ​ផលិត​កម្មវិធី​នោះ​ទេ ។ Adobe មិន​បាន​បញ្ជាក់​ថា តើ iPad ម៉ូដែល​ធម្មតា ឬ​មាន​តែ iPad Pro ដែល​អាច​ប្រើ​កម្មវិធី Adobe Photoshop ពេញ​លក្ខណៈ​នេះ​បាន តាម​មើល​ទៅ​ប្រហែល​ជា​ iPad ដែល​ប្រើ​ឈីប​ចាប់​ពី​ជំនាន់ A10 ឡើង​ទៅ និង​គាំទ្រ​ការ​គូរ​ពី​ខ្មៅដៃ Apple បាន​ផង​ដែរ ។
_____________
ប្រភព Bloomberg

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក